ព័ត៌មានជាតិ ប្រធាន អនុប្រធាន ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ Posted on September 18, 2025September 18, 2025 Author bknews Comment(0) ជញ្ជីងថ្លឹងឡាន ឬជារោងថ្លឹងលុយ? ប្រធាន អនុប្រធាន ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងល្បីខាងថ្លឹងលុយ ជាងថ្លឹងឡានទាំងយប់ទាំងថ្ងៃ ។ ប្រភពពីមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនអោយបញ្ចេញឈ្មោះថា៖ លោកប្រធាន និង អនុប្រធានស្ថានីយ៍នោះ ពួកគាត់កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ ពីឈ្មួញដឹកជញ្ជូនទំនិញដែលផ្ទុកលើសទម្ងន់ផ្សេងៗ មានដូចជា រថ យន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកដែក សុីម៉ង់ត៍ និងរថយន្តដឹកទំនិញ សណ្តោងវែងៗ ផ្ទុកលេីសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលបង្កការខូចផ្លូវ ស្ពានជាបន្តបន្ទាប់។ ដោយឡែកក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤១ វិញក៏បានឲ្យដឹងដែរថា៖លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីស្ថានីយ៍មួយចំនួន កំពុងសប្បាយចិត្ត ប្រមូលលុយសប្បាយលិចថ្លើម យកធ្វើមានបានយ៉ាងសុខស្រួល អត់ខ្វល់ពីរថយន្តធំៗ ដែលផ្ទុកទំនិញលើសទម្ងន់ទេ។រថយន្តដឹកលើសហួសហេតុបែបណា ក៏នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដែរ ពួកគាត់ជាមន្ត្រី ដឹងតែ លុយៗៗៗ។ម្ចាស់រថយន្ត តូច ធំ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីខ្លះទៀត បានឲ្យដឹងថា ទោះបីពួកអ្នកដឹកគេផ្ទុកទំនិញ លើសទម្ងន់ឬមិនលើសទម្ងន់ គោរពតាមច្បាប់កំណត់ឬមិនគោរព អ្នកដឹកក៏នៅតែចៀសមិនផុតពីបង់លុយឲ្យក្រុមមន្ត្រីពុករលួយដែរ។ហេតុនេះហើយទើបអ្នកដឹកគេលែងគឹតរឿងផ្ទុកលើសឬមិនលើសខ្មោចសេះសកអីទៀតហើយ។ប្រភពដដែលបន្តថា រីឯលោក ជិញ គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺវិញ ហាក់កន្ទេលធំបន្លំដេកដែរ គឺបានបណ្ដែតបណ្ដោយ ឲ្យប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្ត ទោះដឹងថា អាជីវករនិងពួកឈ្មួញប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ក្តី ហើយទោះដឹងថាមន្ត្រីប្រចាំស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាតធំដឹកលើសទម្ងន់បង់លុយតាមមាត់តាមការការកំណត់គឺជាការស្រេច ពោលគឺលោកប្រថានមន្ទីរមិនខ្វល់ពីរឿងមន្ត្រីពុករលួយកំពុងបង្កអោយខូចផ្លូវ ខូចស្ពានឡើយ។ រីឯពលរដ្ឋរស់នៅចំណុចជញ្ជីងថ្លឹងវិញ បានរិះគន់ថា៖ឡានដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោន ផ្ទុកហៀរទ្រុង បើកមកដល់់ជិតលឺផ្លូវថ្ងូររហឺសក៏ដោយ ក៏អ្នកឡាននៅតែអាចបើកបរលើផ្លូវជាតិលេខ៤១ឆ្លងកាត់កន្លែងដាក់ជញ្ជីងយ៉ាងគគ្រឹកគគ្រេងរហូតដែរ ។ង្នកដឹកដឹកសំពីងសំពោងបែបណាក៏ដឹកទៅ មន្ត្រីជញ្ជីងដឹងតែលុយប៉ុណ្ណោះ ពួកអស់លោកមន្ត្រីស្បែកមុខក្រាស់ណាស់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ពលរដ្ឋដដែលបន្តថា ពួកគាត់ជាពលរដ្ឋ មិនដឹងថា តើឡានប្រភេទណាគេអោយដឹកប៉ុន្មានតោន ដឹកលើសប៉ុន្មានតោនទើបគេផាកពិន័យនោះទេ ប៉ុន្តែបួកគាត់អាចដឹងថាបើឃើញឡានចេញមកដំណើរទាកាប៉ា ជន្ទៀសទន់ដល់ត្រង់ ហើយផ្លូវថ្ងូររហឹស ប្រាកដជាដឹកលើសហើយ តែបើមន្ត្រីជញ្ជីងគេផាក់ឬមិនផាកជារៀងរំដួល ពួកគាត់ម្នាក់ៗសុទ្ធតែចេះបច្ចេកទេស ប៉ុន្តែរដ្ឋាភិបាលហាក់មិនដឹងទេថា ពួកមន្ត្រីពុករលួយកំពុងធ្វើស្រែ ធ្វើចំការលើខ្នងរដ្ឋទេមើលទៅ។